ការទទួលខុសត្រូវ


      នៅក្នុងផ្ទះសេដ្ឋីម្នាក់ មានចិញ្ចឹមលាមួយក្បាលសម្រាប់អូសរទេះ និងឆ្កែមួយក្បាលសម្រាប់ការពារផ្ទះ។ ដោយលោកសេដ្ឋីជាមនុស្សកំណាញ់ម៉ៅស្វិតទើបគាត់ចិញ្ចឹមពួកវាមិនសូវដិតដល់ ជាហេតុធ្វើឲ្យឆ្កែមិនសូវពេញចិត្តនឹងចៅហ្វាយវាឡើយ។  ចំណែកលាវិញ ទោះបីជាធ្វើការធ្ងន់ ឬត្រូវគេវាយដំច្រំធាក់និងជេរប្រទេចផ្តាស់សាយ៉ាងណា វានៅតែមានចិត្តស្មោះត្រង់នឹងចៅហ្វាយរបស់ខ្លួនជានិច្ច។

      យប់មួយ ស្បៃអន្ធការងងឹតសូន្យសុង អាកាសធាតុត្រជាក់ស្រេប ធ្វើឲ្យសេដ្ឋីនិងអ្នកបម្រើទាំងឡាយចូលទៅដេកតាំងពីក្បាលព្រលប់។ ក្នុងបរិវេណផ្ទះរបស់គាត់ស្ងាត់ជ្រងំគ្មាននរណានៅចាំយាមការពារអ្វីទេ ក្រៅតែពីឆ្កែនិងលា​ដែលដេកនៅខាងក្រៅផ្ទះប៉ុណ្ណោះ។
       កណ្ដាលយប់ងងឹត លាបានឮសម្លេងក្រោកក្រាកៗ ខាងមុខផ្ទះ វាក៏និយាយទៅកាន់ឆ្កែ​ ឯងគួរតែមើលមើល៍ចា តើនរណាមកធ្វើអីនៅមុខផ្ទះទាំងថ្មើរនេះ? ព្រោះនេះជាតួនាទីរបស់ឯងហើយ...
        “ហេតុអ្វីត្រូវយកចិត្តទុកដាក់នឹងវានោះ? បើសេដ្ឋីមិនដែលឲ្យអាហារឆ្ងាញ់ៗដល់យើងស៊ីម្ដងផង! ឆ្កែនិយាយដោយបើកភ្នែកតែម្ខាង។
        ចុះបើនោះជាចោរវិញ? លានិយាយទាំងមិនសប្បាយចិត្ត។
        “យើងមិនខ្វល់ទេ! ឆ្កែឆ្លើយហើយ ក៏ដេកតទៅទៀត។
         កំឡុងពេលដែលសត្វទាំងពីរកំពុងប្រកែកគ្នា ចោរបានផ្លោះរបងចូលដល់ក្នុងផ្ទះសេដ្ឋីល្មម លាក៏ស្រែកប្រាប់ទៅឆ្កែដោយសម្លេងក្តៅក្រហាយ...
          “ឆ្កែអើយមានចោរចូលផ្ទះហើយ ឯងគួរតែព្រុសហៅចៅហ្វាយយើង និងអ្នកបម្រើឲ្យក្រោកឡើងមកចាប់ចោរ
          “កុំរំខានយើង! យើងមិនព្រុសទេ!  ទាល់តែទទួលបែបនេះទើបវាស័ក្តិសមសនឹងអ្វីដែលគេធ្វើមកលើពួកយើង ឆ្កែពោលដោយពុំយកចិត្តទុកដាក់រួចដេកទៅវិញ។
          បើអញ្ជឹងខ្ចុំនឹងស្រែកឲ្យលោកសេដ្ឋីភ្ញាក់ លាក៏ស្រែកដោយសំឡេងឮកងរំពង ដោយបារម្ភពីចៅប្វាយនាយ។ ចំណែកឯសេដ្ឋី និងកូនចៅ ពេលឮសម្លេងលាស្រែកក៏ភ្ញាក់មកមើលទាំងភ័យតក់ស្លុតក្នុងចិត្ត។ ពួកចោរឃើញដូច្នេះក៏ប្រញា់រត់គេចខ្លួន តែរត់មិនរួច ព្រោះអ្នកបម្រើរបស់ សេដ្ឋីមានច្រើន ទើបចាប់ពូកគេបាន។ ទង្វើរបស់លានៅគ្រានោះ បានធ្វើឲ្យសេដ្ឋីមានចិត្តរីករាយជាខ្លាំង លោកក៏ចិញ្ចឹមមើលថែវាយ៉ាងល្អ។
           ចាប់តាំងពីពេលនោះមក លោកសេដ្ឋីស្រឡាញ់លានេះណាស់ គាត់តែងតែ ឲ្យស៊ីអាហារល្អៗ។​ ឯចំណែកឆ្កែកំពូលខ្ជិលវិញគេដាក់ទោស ព្រោះវាមិនព្រមធ្វើតាមទួនាទីរបស់ខ្លួន។

             ការមិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួន មិនត្រឹមតែមិនសម្រេចជោគជ័យប៉ណ្ណោះទេ គឺថែមទាំងនាំផលអាំក្រក់មកឲ្យខ្លួនផងដែរ។

Comments