ព្រះអាទិត្យដែលកំពុងតែបញ្ជេញរស្មីចែងចាំងមកលើទ្វីបលោក បាននិយាយរាក់ទាក់ទៅកាន់ព្រះវាយោដែលកំពុងបក់មកយ៉ាងរំភើយៗថា
"សួស្ដីព្រះវាយោ!..."
"អូ! សួស្ដីព្រះអាទិត្យ!" ព្រះវាយោឆ្លើយ។
"តើថ្ងៃនេះ អ្នកឯងធ្វើដំណើរទៅណាដែរ?" ព្រះអាទិត្យសួរ។
"ចេះតែដើរៗទៅ! ទៅដល់ណាក៏មិនដឹងដែរ!" ព្រះវាយោតប។
"ចូលមកអង្គុយលេងបន្តិចសិនបានទេ?" ព្រះអាទិត្យបបួល។
"តើព្រះអាទិត្យមានរឿងអីឬ?" ព្រះវាយោសួរដោយឆ្ងល់។
"កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានជជែកជាមួយដុំពពក គេពោលសរសើរថាខ្ញុំជារបស់ម្យ៉ាដែលល្អនិងសម្បូរបែបបំផុតលើលោកនេះ តើអ្នកគិតដូច្នេះដែរឬទេ?" ព្រះអាទិត្យពោល។
"តើសម្បូរបែបយ៉ាងម៉េចទៅ?" ព្រះវាយោសួរព្រោះតែមិនយល់។
"ពេលខ្ញុំរះឡើង ទោះនៅដល់ទីណាក៏ខ្ញុំអាចកម្ចាត់ភាពងងឹតខោលបានទាំងអស់ គ្មានកន្លែងណាដែលខ្ញុំទៅដល់ហើយនៅតែមានភាពតតេតទៀតនោះទេ! ដូច្នេះហើយទើបខ្ញុំនេះគឺជាអ្វីដែលមានប្រយោជន៍និងសម្បូរបែបបំផុតលើលោកនេះ" ព្រះអាទិត្យពន្យល់ដោយអំនួត។
"តែខ្ញុំគិតថា នៅលើពិភពលោកនេះគ្មានអ្វីដែលសម្បួរបែបនោះទេ!" ព្រះវាយោប្រកែក។
"គឺខ្ញុំនេះហើយគឺសម្បូរបែប! ព្រោះខ្ញុំអាចផ្ដល់ពន្លឺដល់ពិភពលោកនេះបានគ្រប់ទិសទី មនុស្សលោកគោរពបូជាចំពោះខ្ញុំ នរណាៗក៏ត្រូវការខ្ញុំដែរ! បើខ្វះខ្ញុំលោកនេះមិនអាចស្ថិតនៅបានឡើយ " ព្រះអាទិត្យបន្តនិយាយដោយមោទនភាព។
"តើអ្នកជឿថាវាអញ្ចឹងមែនឬ?" ព្រះវាយោឌឺដង "បើអញ្ចឹងយើងបកមើលភាពសម្បូរបែបរបស់អ្នកសិនមើល៍! បើអ្នកអាចបណ្ដោយភាពងងឹតចេញពីខ្លួនរបស់បុរសម្នាក់ដែលកំពុងដើរលើថ្នល់នោះបានទាំងអស់ ខ្ញុំនឹងជឿថាអ្នកពិតជារបស់ដែលសម្បូរបែបបំផុតនៅលើលោកនេះ!"
"បាន!" ព្រះអាទិត្យយល់ព្រម "ខ្ញុំនឹងកម្ចាត់ភាពងងឹតចេញពីខ្លួនបុរសម្នាក់នោះឲ្យអស់!" រួចព្រះអាទិត្យក៏ចាប់រោលកម្ដៅឡើង អ្វើឲ្យមានពន្លឺភ្លឺគ្រប់ទិសទី សូម្បីតែក្នុងហោប៉ៅអាវរបស់បុរសដែលកំពុងតែដើរនោះក៏ពេញទៅដោយពន្លឺដែរ។
"ឃើញទេ? ខ្ញុំអាចកម្ចាត់ភាពងងឹតបានគ្រប់ទីកន្លែងណា៎!" ព្រះអាទិត្យអួត។
"បើអញ្ចឹងមែន! តើហេតុអីបុរសនោះនៅតែមានស្រមោលឲ្យចេញឆ្ងាយពីខ្លួនបុរសនោះឲ្យបាត់អស់ទៅ?" ព្រះវាយោសួរបកមកវិញ។
ព្រះអាទិត្យដែលពោពេញដោយអំនួត ជឿថាខ្លួនឯងមានភាពសម្បូរបែបបំផុតនោះ បានត្រឹមតែអង្គុយធ្មឹង ព្រមទទួលស្គាល់ថា ខ្លួនមិនអាចកម្ចាត់ភាពងងឹតឲ្យអស់បានពិតមែន។
"ពាកយថាសម្បូរបែប ឬល្អឥតខ្ចោះនោះគ្មានទេ ព្រះវាយោខ្សឹបតិចៗដាក់ត្រចៀកព្រះអាទិត្យ វត្ថូឬអ្វីៗគ្រប់យ៉ាងនៅលើលោកនេះ មានត្រឹមតែក្បែតៗឬជិតនឹងសម្បូរបែប ឬក្បែរៗនឹងល្អឥតខ្ចោះប៉ុណ្ណោះ!...ព្រោះអ្វីៗទាំងអស់សុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិឬចំណុចខ្លាំងនិងចំណុចខ្សោយ" និយាយរួចព្រះវាយោក៏បន្តដំណើរទៅមុខទៀតបាត់ទៅ។
- ការអួតក្អេងក្អាង ប្រកាន់ឫក លើកស្ទួយតែចំពោះលក្ខណៈពិសេសនិងភាពពូកែរបស់ខ្លួនឯង គឺជាអំពើដ៏ល្ងង់ខ្លៅមួយ ព្រោះគេមិនដឹងថាខ្លួននៅមានគុណវិបត្តិ ឬចំណុចខ្សោយអ្វីខ្លះនោះឡើយ៕
Comments
Post a Comment