រឿង ជ័យជម្នះដ៏ធំធេង(រឿងខ្លីអត្ថន័យខ្ពស់)

    
     នៅតំបន់ជនបទមួយ មានបុរសក្រីក្រម្នាក់មានកូនប្រុសដែលកំពុងតែឈឺរ៉ាំរ៉ៃនិងប្រពន្ធកំពុងតែមានផ្ទៃពោះកូនទីពីរថែមទៀត គាត់ខំប្រឹងធ្វើការយ៉ាងធ្ងន់ធ្ងរបំផុតដើម្បីទប់ទល់នឹងជីវភាពរបស់គ្រួសារ។ ប៉ុន្តែ
ទោះបីគាត់ខំប្រឹងធ្វើការធ្ងន់ប៉ុន្ណាក៏គាត់អាចរកប្រាក់បានមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះដើម្បីចិញ្ចឹមគ្រួសារ។

      ថ្ងៃមួយ កូនប្រុសចាប់ផ្តើមឈឺជាទម្ងន់ ឯប្រពន្ធក៏គ្រប់ខែ ធ្វើឲ្យគាត់ត្រូវខំប្រឹងធ្វើការធ្ងន់ជាងមុនទ្វេដង ដើម្បីរកប្រាក់ចាយវាយ ថ្លៃថ្នាំព្យាបាលកូន និងត្រៀមទុកសម្រាប់ប្រពន្ធឆ្លងទន្លេ។ តែទោះបីជាគាត់ចំប្រឹងបែបនេះហើុក៏ដោុ ប្រាក់ដែលគាត់រកបានមក ក៏នៅតែមិនគ្រប់គ្រាន់សម្រាប់ចាយវាយទៀត។ ការខ្វះខាតបង្ខំគាត់ត្រូវអត់អាហារមួយពេលៗ ដើម្បីទុកលុយសម្រាប់ថ្លៃព្យាបាលជំងឺកូនប្រុស។

       ថ្ងៃមួយ បុរសក្រីក្រនោះបានធ្វើដំណើរទៅទីក្រុង ដើម្បីតិញថ្នាំមកព្យាបាលកូនរបស់ខ្លួន។ នៅតាាមផ្លូវធ្វើដំណើរ គាត់បានដើរបញ្រ្ចាសគ្នាជាមួយនឹងពួកបុរសមួយក្រុមដែតុបតែងកាយមើលទៅសមជាអ្នកមានឋានៈខ្ពង់ខ្ពស់។ គាត់ក៏គិតថានោះពិតជាក្រុមសេដ្ឋីប្រាកដណាស់ ទើបបុរសក្រីក្រប្រញាប់គេចខ្លួនចេញទៅលើចិញ្ចើមផ្លួវ រង់ចាំឲ្យបុរសមួយក្រុមនោះឆ្លងទៅផុតសិន ទើបគាត់ហ៊ានធ្វើដំណើរជាបន្តទៅទៀត។ ភ្លាមនោះគាត់បានឃើញសម្ពាយមួយជ្រុះលើដីហើយគាត់ចូលទៅបើកមសម្ពាយនោះមើល ស្រាប់តែឃើញនៅក្នុងសម្ពាយនោះមានប្រាក់ជាច្រើន។ គាត់គិតក្នុងចិត្តថា សម្ពាយនេះពិតជារបស់បុរសមួយក្រុមដែលដើរជ្រួសគ្នាបន្តិចមុននេះឯង។

       ដំបូងបុរសក្រីក្រនោះត្រេដអរជខ្លាំង ព្រោះមិននឹកស្មានថាសំណាងល្អធ្លាក់លើគាត់គ្រានេះសោះ។ គាត់ក៏គិតថានឹងយកប្រាក់ទាំងអស់នេះទៅអញ្ជើញគ្រូពេទ្យល្អៗ ឲ្យមកព្យាបាលកូននិងភរិយារបស់ខ្លួន ម្យ៉ាងទៀត ប្រាក់ដ៏ច្រើននេះមុខជាអាចជួយឲ្យគ្រួសាររបស់ខ្លួនមានជីវភាពរសនៅល្អប្រសើរជាងមុនជាមិនខាន។ ទើបបុរសក្រីក្រប្រញាប់រើសសម្ពាយនោះ ហើយតាំងចិត្តថានឹងប្រញាប់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញភ្លាមមុនបុរសមួយក្រុមនោះដឹងខ្លួន គេនឹងត្រឡប់មកទាប្រាក់នោះវិញ។ ប៉ុន្តែមិនទាន់ទាំងបានកម្រើកផង ស្រាប់តែគំនិតល្អរបស់គាត់បញ្ជាកុំឲ្យធ្វើអញ្ចឹង។ គាត់ក៏ចាប់ផ្តើមគិតថាបើបុរសមួយក្រុមនោះ ត្រូវការចាយវាយប្រាក់ទាំងអស់នេះ តើបានប្រាក់ពីណាមកចាយទៅ? បុរសមួយក្រុមនឹងមុខតែអំពល់ទុក្ខមិនខានទេ។

       បុរសក្រីក្រគិតឃើញដូច្នោះ ក៏ដើរត្រឡប់ទៅរកបុរសមួក្រុមដែលដើរកាត់អម្បាញ់មិញនោះ ដើម្បីយកប្រាក់ទៅសងពួកគេវិញ។ ប៉ុន្តែពេលដើរបានពីរបីជំហ៊ានគាត់ក៏កើតសេចក្តីលោភមកម្ដងទៀត គាតក៏ត្រឡប់បែរក្រោយហើយគិតថាានឹងយកប្រាក់ទាំងអស់នេះទៅប្រើប្រាស់សម្រាប់ខ្លួនផង។ តែរៀបនឹងដើរចេញទៅ គាត់ក៏មានអារម្មណ៍ខ្មាសអៀនមិនចង់ធ្វើអំពីអាក្រក់បែបនេះឡើយ។ គំនិតរបស់គាត់វិលវល់ត្រឡប់ទៅត្រឡប់មកយ៉ាងយូរ។

      ដល់ទីបំផុត គាត់ក៏បានសម្រេចចិត្ត បើរវល់តែដើរទៅដើរមកបែបនេះយើងមុខជាមិនអាចកាត់ផ្ដាច់នូវសេចក្តីលោភនេះបានទេ យើងត្រុវតែប្រញាប់រត់យកប្រាក់នេះទៅសងពួកគេវិញ...  បុរសក្រីក្រសម្រេចចិត្តរួចហើយ ក៏រត់យ៉ាងលឿនដើម្បីទៅតាមបុរសមួយក្រុមនោះឲ្យទាន់ ហើយគាត់ក៏ហុចសម្ពាយប្រាក់នោះសងទៅឲ្យពូកបុរសមួយក្រុមនោះវិញ...
     បុរសម្នាក់នៅក្នុងក្រុមឃើញដូច្នេះ គេក៏លាន់មាត់ "សម្ពាយរបស់យើងទេតើ! តើឯងយកវាមកពីណានឹង!?"

      ប៉ុន្តែបុរសក្រីក្រមិនឆ្លើយតបអ្វីទាំងអស់ ក្រៅតែពីស្រែកដោយត្រេកអរថា៖
"ខ្ញុំឈ្នះហើយ!...ខ្ញុំឈ្នះហើយ!...." ដោយសប្បាយរីរាយ។

      បុរសមួយក្រុមនោះសួរ " ហេតុអ្វីបានជាឯងស្រែកបែបនឹង!? តើមានរឿងអីទៅ? ហើយហេតុអ្វីបានជាសម្ពាយប្រាក់របស់យើងនៅនឹងឯងទៅវិញ?"

      បុរសក្រីក្រក៏រៀបរាប់អំពីរឿងរ៉ាវ​ដែលបានកើតឡើងឲ្យពួកគេស្ដាប់រួចគាត់បញ្ជាក់ ការដែលខ្ញុំស្រែកថាឈ្នះហើយ!... ​ព្រោះខ្ញុំសប្បាយចិត្តដែលអាចយកឈ្នះភាពលោភលន់របស់ខ្លួនបាន វាជាការឈ្នះដែលនឹងមិនត្រឡប់ទៅចាញ់ទៀតទេ ហើយថែមទាំងជាករយកឈ្នះដ៏លំបាកបំផុតផងដែរ! គាត់និយាយដោយមានមោទនភាពចំពោះខ្លួនឯង។

​​​     បុរសមួយក្រុមនោះក្រោយពេលបានស្ដាប់រឿងរ៉ាវរបស់បុរសក្រីក្ររួចពួកគេមានការកោតស្ញប់ស្ញែងចំពោះគុណធម៌របស់បុរសនោះជាខ្លាំង។ ឯបុរសក្នុងចំណោមបុរសមួយក្រុមនោះ ដែលមើលទៅដូចជាមានឋានៈធំជាងគេ បាននិយាយប្រាប់បុរសក្រីក្រថា ខ្លួនគឺជាព្រះរាជាដែលក្លែងខ្លួនមកមើលសុខទុក្ខរបស់ប្រជារាស្រ្ដហើយនៅពេលនោះដែរព្រះរាជាក៏បានប្រគល់ប្រាក់ក្នុងសម្ពាយនោះទាំងអស់ឲ្យទៅបុរសក្រីក្រដើម្បីយកទៅទុកចាយវាយមើលថែជំងឺកូនប្រព្ធ និង យកទៅប្រកបរបររកស៊ីជាបន្តទៅទៀត។


ការយកឈ្នះក្តីលោភលន់ក្នុងចិត្តរបស់ខ្លួនបាន
គឺជាជ័យជំនះដ៏ធំធេងបំផុត។

Comments