នៅក្នុងភូមិតូចមួយ មានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នា។ បុរសទីមួយឈ្មោះសំ បុរសទីពីរឈ្មោះសាង។ បុរសទាំងពីរចម្រើនធំធាត់ជាមួយគ្នា ហើយបានសន្យានឹងគ្នាថានឹងខំប្រឹងប្រែងរកស៊ីឲ្យ
ក្លាយជាសេដ្ឋីនៅក្នុងភូមិឲ្យទាល់តែបាន។
ក្រោយមក ឪពុកម្តាយរបស់អ្នកទាំងពីរក៏បានស្លាប់ទៅ ពួកគាត់បានបន្សល់មរតកជាដីចំនួន ២០រ៉ៃ ស្មើៗគ្នា។ បុរសទាំងពីរមានគំនិតចង់សាងខ្លួដោយការធ្វើស្រែនៅលើដីនោះដូចៗគ្នា។
ព្រឹកថ្ងៃមួយ សាង ពានបបួល សំ ចេញទៅភ្ជួរដី។
"នៅព្រឹកណាស់ ប្រញាប់ទៅណា?" សំដែលកំពុងតែដេក ឆ្លើយបែបខ្ជិល។
"ពីព្រឹកហ្នឹងហើយទើបវាល្អ យើងអាំចធ្វើការបានច្រើន! " សាង ស្រែកប្រាប់ តែសំនៅក្រាញននៀលគិតថា ព្រឹកពេក ឯ សាង ក៏ទៅភ្ជួរស្រែតែម្នាក់ឯងទៅ។
មួយអាទិត្យក្រោយមក សាងក៏មករកសំម្តងទៀតដើម្បីបបួលទៅសាបស្រូវ។
សំប្រាប់ទាំងខ្ជិល "ប្រញាប់សាបព្រោះធ្វើអ្វី! ទើបតែចូលដល់រដូវភ្លៀងថ្មីៗ ស្អែកចាំធ្វើក៏បានដែរ!..."
"ប្រញាប់សាបព្រោះទៅ! ព្រោះតែភ្លៀងកំពុងធ្លាក់ទើបធ្វើឲ្យស្រូវសាស់ល្អ" សាងដាស់តឿន តែ សំ នៅតែប្រកែកថានឹងទៅធ្វើនៅថ្ងៃផ្សេង។
ដល់ពេលស្រូវទុំ សាងក៏បបួលសំ ទៅច្រូតកាត់...
"ខ្ញុំឮថាឯងមិនសូវស្រួលខ្លួន ហេតុអីក៏ឯងទៅច្រូតទៀត? " សំនិយាយ។
"មិនសូវស្រួលខ្លួនបន្តិចបន្តួចទេ! ខ្ញុំចង់ច្រូតឲ្យប្រញាប់រួចមុនពេលដែលខ្ញុំឈឺធ្ងន់ជាងនេះ " សាងឆ្លើយ រួចបបួលសំ "ឯងគួរតែទៅច្រូតជាមួយខ្ញុំណា៎សំ!"
"ខ្ញុំក៏មិនសូវស្រួលខ្លួបដែរ! បើទៅច្រូតស្រូវខ្លាចវាឈឺធ្ងន់ជាងនេះ ចាំឲ្យជាសះស្បើយស្រួលបួលសិនចាំទៅល្អជាង" សំឆ្លើយ ហើយប្រះខ្លួនដេកទៅវិញ សាងក៏ធ្វើដំណើរទៅច្រូតតែម្នាក់ឯងទៀតទៅ។
ក្រោយពី សាង ច្រូតកាតរួច គេយកស្រួវទៅលក់នៅឯផ្សារ ហើយក៏ឈៀងចូលបបួលសំ ឲ្យទៅលក់ស្រូវជាមួយគ្នា...
"តោះសំ! ប្រញាប់យកស្រូវទៅលក់! ព្រោះឥឡូវនេះកសិករដទៃទៀតនៅមិនទាន់យកស្រូវទៅលក់ទេ បើយើងយកទៅលក់មុនគេ នឹងលក់បានថ្លៃជាមិនខាន"
សំឆ្លើយបដិសេធ "តើប្រញាបលក់ទៅណា? អ្នកទិញវាមិនរត់ទៅណាទរ! ទុកចាំអាទិត្យក្រោយក៏បានដែរ ពេលនេះអាកាសធាតុក្តៅណាស់!"
សាងក៏ចេញដំណើរទៅផ្សារលក់ស្រូវតែម្នាក់ឯងទៅ។
ក្រោយមកនៅល្ងាចថ្ងៃមួយ សាងក៏បានមករកសំម្ដងទៀត...
"សំទៅបុកអង្ករទេ? គ្រាន់នឹងបានទុកសម្រាប់ហូប ឥឡូវស្ងាចដែរហើយ បើយើងប្រញាប់ទៅ យើងនឹងអាចបុកបានច្រើន"
"តើឯងប្រញាប់បុកយកទៅណា? ល្ងាចប៉ុណ្ណេះទៅហើយ បុកទៅក៏មិនបានច្រើនប៉ុន្មានដែរ! ស្អែកទៅចាំនាំគ្នាបុក!" សំបដិសេធ ឯសាងបានត្រឹមតែដើរទៅផ្ទះវិញដោយអស់សង្ឃឹម។
ចាបតាំងពីនោះមក សាងមិនដែលបបូលសំទៅធ្វើអ្វីទៀតឡើយ ទាំងសាងនិងសំ ក៏រស់នៅដោយដំណើរជីវិតផ្សេងពីគ្នារហូតដល់ចាស់រៀងៗខ្លួន។ សាងក៏បានក្លាយជាសេដ្ឋីប្រចាំភូមិ ចំណែកសំវិញក៏នៅតែជាកសិករ ដែលមានជីវភាពរស់នៅលំបាកដូចមុនដដែល។
- មនុស្សមានបញ្ញា មិនឲ្យពេលវេលាកន្លងទៅឥតប្រយោជន៍ដោយការអូសបន្លាយពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃនោះឡើយ៕
Comments
Post a Comment