អាហារដែលជួយកាត់បន្ថយស្រ្តេស

       អាការៈ​តានតឹង​ក្នុង​ចិត្ត ដែល​ភាសា​បច្ចេកទេស​ហៅ​ថា «តំណឹង​ចិត្ត – stress» អាច​នឹង​កើត​មាន​ចំពោះ​អស់​លោក​អ្នក ដែល​តុកស៊ិក​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ ឬ​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាកៗ​នៅ​ក្នុង​ជីវិត ដែល​មិន​ទាន់​ដោះស្រាយ​ចេញ ហើយ​រឹតតែ​បន្ថែម​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ខាងក្រោម​នេះ​អាហារ​ពិសេសៗ​ដែល​ជួយ​កាត់​តំណឹង​ចិត្ត​បាន​មួយ​គ្រាៗ​ដែរ។
១- ពពួក​បន្លែ​ស្លឹក​បៃតង ឬ​ស្លឹក​ខៀវ
​ពពួក​ស្លឹក​ឈើ​ពណ៌​បៃតង ឬ​ពណ៌ខៀវ​មាន​អាស៊ីដ​ហ្វូលិក (Folic acid) ឬ​វីតាមីនបេ (Vitamin B) ដែល​ផលិត​សារធាតុ​គីមី​ធម្មជាតិ​ជួយ​សម្រួល​អារម្មណ៍​តានតឹង ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្ងប់​សុខ​។ ​
២- សាច់​មាន់
​សាច់​មាន់​សម្បូរ​ប្រូតេអ៊ីន (Protein)។ ​សារធាតុ​គីមី​ធម្មជាតិ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ខួរក្បាល​គឺ

«សេរ៉ូតូនីន – serotonin» ​មាន​នាទី​ធ្វើ​ឲ្យ​អារម្មណ៍​របស់​មនុស្ស​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី បើ​ខ្វះ​សេរ៉ូតូនីន នឹង​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ប្រែប្រួល​អារម្មណ៍​ទៅ​រក​ភាព​អវិជ្ជមាន គឺ​គិត​អ្វី​ក្នុង​ន័យ​អវិជ្ជមាន។ សាច់​មាន់​សម្បូរ​ប្រូតេអ៊ីន​ពិសេស​ម្យ៉ាង​ដែល​ផលិត​សេរ៉ូតូនីន​ក្នុង​បរិមាណ​ច្រើន​សម្រាប់​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​នៅ​ក្នុង​ខួរក្បាល។
៣- ​ទឹក​ដោះ​គោ​ជូរ (យ៉ាអួ – yogurt)
​តាមពិត ពពួក​បាក់តេរី (Bacteria) នៅ​ក្នុង​ពោះវៀន​របស់​អ្នក​ក៏​អាច​បង្ក​ជា​តំណឹង​ចិត្ត (stress) បាន​ដែរ ព្រោះ​វា​បង្កើត​សារធាតុ​ពុល។ ទឹកដោះគោ​ជូរ​សម្បូរ​បាក់តេរី​ចុះ​នៅ​ក្នុង​នោះ ហើយ​ជួយ​សម្លាប់​បាក់តេរី​អាក្រក់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​កើត​តំណឹង​ចិត្ត។ បាក់តេរី​មាន​ល្អ មាន​អាក្រក់។
៤- ​ស្ករ​សូកូឡា
​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម (antioxidant) នៅ​ក្នុង​ស្ករ​សូកូឡា​ជួយ​បញ្ចុះ​និង​សម្រួល​សម្ពាធ​ឈាម និង​ជួយ​សម្រួល​ចលនា​ឈាម​រត់​នៅ​ក្នុង​សរសៃ​ឈាម។ សូម​រក​ទិញ​សូកូឡា​ខ្មៅ​ដែល​ផ្ទុក​សារធាតុ​កាកាវ (cocoa) យ៉ាង​ហោច​ណាស់​ ៧០% ព្រោះ​សូកូឡា​ខ្មៅ​ផ្ទុក​សារធាតុ​គីមី​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ជីវិត។
៥- ទឹកដោះគោ​ធម្មជាតិ
ទឹក​ដោះ​គោ​ក្នុង​ន័យ​នេះ សំដៅ​លើ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ​ពី​ធម្មជាតិ មិន​មែន​ទឹក​ដោះ​គោ​លាយ​ម្សៅ​និង​ស្ករ​នោះ​ទេ។ ទឹក​ដោះ​គោ​ធម្មជាតិ​សម្បូរ​វីតាមីនដេ (Vitamin D) ដែល​ជួយ​ជំរុញ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រស់​ថ្លា។ វីតាមីន​ដេ ជួយ​កាត់​បន្ថយ​ទំនោរ​ធ្លាក់ទឹកចិត្ត។
៦- ​គ្រាប់​ធញ្ញជាតិ
​គ្រាប់​ធញ្ញជាតិ​ប្រភេទ​ខ្លះ​ដូចជា​គ្រាប់​ល្ពៅ សម្បូរ​សារធាតុ​ម៉ាញេស្យូម (magnesium) ប្រហាក់ប្រហែល​នឹង​ស្លឹកឈើ​បៃតង – ទឹកដោះគោ​ជូរ – និង​ត្រី​ដែរ។ ម៉ាញេស្យូម បើ​បរិភោគ​ចូល​ឲ្យ​បាន​ច្រើន នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​នឹងនរ និង​ស្រឡះ​ខួរក្បាល​ល្អ។ ក្រៅ​ពី​នោះ ម៉ាញេស្យូម​កាត់​បន្ថយ​រហូត​ដល់​ចំណុច​សូន្យ​នូវ​អាការៈ​ធ្លាក់​ទឹក​ចិត្ត – អាការៈ​ហត់ហេវ​ល្ហិតល្ហៃ – និង​អារម្មណ៍​ក្រេវក្រោធ។

ប្រភពៈ  cambodian-man

Comments