អ្នកអាចការពារភ្នែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេរកឃើញនៅក្នុងស្លឹកបន្លែពណ៌បៃតង ស៊ុតពណ៌លឿង ម្ទេសពណ៌លឿង ល្ពៅ ដំឡូងដែលមានជាតិផ្អែម និងការ៉ុត។ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាការទទួលទានបន្លែពណ៌ទឹកក្រូច និងពណ៌បៃតង អាចការពារភ្នែកពីការស្រវាំងដែលបណ្ដាលឲ្យងឹតភ្នែកបាន។ ដូច្នេះអ្នកអាចសាកល្បងអាហារ ៤ ប្រភេទ ខាងក្រោមនេះដើម្បីជួយដល់ភ្នែក។
១-ការ៉ុត
ការ៉ុតត្រូវបានគេស្គាល់ថាមានសមត្ថភាពក្នុងការជួយឲ្យភ្នែកកាន់តែភ្លឺល្អ។ លក្ខណៈសម្បត្តិពណ៌ទឹកក្រូចរបស់ការ៉ុតផ្ទុកទៅដោយ Beta carotene ដែលត្រូវបានបំលែងឲ្យទៅជាវីតាមីន A។ សារធាតុនៅក្នុងការ៉ុតអាចជួយធ្វើឲ្យភ្នែកកាន់តែភ្លឺ ជាពិសេសនៅពេលយប់។ ត្រូវចាំថា ៥% នៃ Beta carotene ដែលមាននៅក្នុងការ៉ុតឆៅត្រូវបានបញ្ចេញក្នុងអំឡុងពេលរំលាយអាហារ ហើយអ្នកអាចបង្កើនការបញ្ចេញរបស់រហូតដល់ទៅ ៥០% ដោយការកិនឱ្យម៉ដ្ឋ។
២-ដំឡូង៖ សារធាតុប្រឆាំងអុកស៊ីតកម្មពណ៌ទឹកក្រូច
តើអ្នកមានធ្លាប់ឆ្ងល់ដែរឬទេថាហេតុអ្វីបានជាដំឡូង ឬអាហារផ្សេងទៀតដែលមានពណ៌ទឹកក្រូច មានពណ៌យ៉ាងដូច្នេះ? វាគឺជាសមាសធាតុ carotenoid ដែលមានក្នុងផ្លែឈើនិងបន្លែពណ៌ទឹកក្រូច ដែលជាអ្នកផ្តល់ពណ៌នោះដល់វា។ អាហារទាំងនេះមានសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលអាចបណ្ដេញនូវរ៉ាឌីកាល់សេរី ជួយធ្វើឲ្យភ្នែកកាន់តែភ្លឺ និងជួយដល់ប្រព័ន្ធប្រសាទ។ ដូច្នេះ អ្នកគួរចាប់ផ្តើមញ៉ាំដំឡូងឲ្យបានច្រើន។
៣-ផ្តោតការយកចិត្តទុកដាក់លើផ្ទី
ផ្ទីនិងអាហារបៃតងមួយចំនួនទៀតសំបូរទៅដោយ Lutein និង Zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារភ្នែកពីភាពស្រវាំងទៅតាមអាយុ។ Lutein ត្រូវបានគេរកឃើញថាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃភ្នែកឡើងបាយ និងការអន់ថយនៃភ្នែកទាក់ទងទៅនឹងអាយុ។ បន្លែដែលមានពណ៌បៃតងកាន់តែខ្លាំងសំបូរ Lutein កាន់តែច្រើន។ សូមកុំភ្លេច៖ ជាតិខ្លាញ់ក៏អាចបង្កើនការស្រូបយក Lutein បានដែរ ដូច្នេះត្រូវចាំថា ត្រូវបន្ថែមប្រេងអូលីវ បន្តិចចូលទៅក្នុងផ្ទី ឬបន្លែបៃតងផ្សេងទៀតដែលអ្នកបានចំអិន។ បន្លែដែលមានសារធាតុ lutein និង Zeaxanthin មានដូចជា ដើមស្ពៃក្ដោប ស្ពៃដែលមានមើមពណ៌បៃតង សណ្ដែកខៀវ ននោង និងប្រូខូលី។
៤-សារាយសមុទ្រ
នៅក្នុងសមុទ្រមានរុក្ខជាតិពណ៌បៃតងមួយចំនួនផ្សេងទៀត។ រុក្ខជាតិដែលទាក់ទងនឹងផ្កាថ្ម ឬសារាយសមុទ្រ (Algae) មានដូចជា ស្ពីរូលីណា (spirulina), ក្លូរីណា (chlorina) និងផ្កាថ្ម ឬសារាយសមុទ្រ (algae) ពណ៌ខៀវលាយបៃតងដែលសំបូរទៅដោយសារជាតិមានប្រយោជន៍ចំពោះភ្នែក។ ដូចជារុក្ខជាតិដែលមានពណ៌បៃតងលាំៗភាគច្រើន សារាយសមុទ្រទាំងនេះផ្ទុកទៅដោយក្លរូភីល (chlorophyll) ដែលមានរចនាសម្ព័ន្ធប្រហាក់ប្រហែលទៅនឹងអេម៉ូក្លូប៊ីនដែលផ្ទុកជាតិដែក ដែលមាននៅក្នុងរាង្គកាយមនុស្ស ហើយវាជួយបង្កើនការផលិតកោសិកាឈាម, ជួយសម្រួលការបញ្ចូលអុកស៊ីហ្សែន និងដំណើរការនៃការកំចាត់សារធាតុពុលនៅក្នុងខ្លួន និងប្រព័ន្ធចរន្តឈាមរត់ ដែលទាំងអស់នេះជួយរក្សាសុខភាពរាង្គកាយទាំងមូល និងជួយការពារ ភ្នែករបស់អ្នកផងដែរ។ អ្នកអាចរកសារធាតុទាំងនេះនៅហាងលក់អាហារសម្រាប់សុខភាពនានា ដែលច្រើនតែជាសារធាតុផ្សំមានទម្រង់ជាម្សៅ ដែលអ្នកអាចដាក់លាយជាមួយទឹក ទឹកផ្លែឈើ ឬតែបៃតង។ កុមារមិនគួរទទួលទានច្រើនជាង ១ក្រាមនោះទេ ខណៈដែលស្ត្រីមានគភ៌ឬបំបៅដោះទារក គួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិនមុននឹងញ៉ាំវា៕
Comments
Post a Comment